+ គ្រឿងផ្សំ
- ឆ្អឹងជំនីជ្រូក - មើមត្រាវ - ស្លឹកខ្ទឹម - ហាយប៊ី - អំបិល - ប៊ីចេង - ស្ករស - ខ្ទឹមស + វិធីធ្វើ ១. ឆ្អឹងជំនីកាប់ដុំៗ រួចលាយជាមួយអំបិល ប៊ីចេង ស្ករស ទឹកត្រី ទុកប្រហែល ១៥នាទី ។ មើមត្រាវចិតសំបករួចគាស់ជាដុំៗ ចំណែកស្លឹកខ្ទឹមហាន់ល្អិតៗ ហាយប៊ីលាងទឹករួចពុះជាពីរ ។ យកឆ្នាំងដាក់ទឹកដាំឲ្យពុះរួចបង់ឆ្អឹងជំនី បង់ហាយប៊ី ហើយស្ងោរ ឲ្យជិតផុយ ទើបបង់ត្រាវចូល ហើយរំងាស់ឲ្យផុយទាំងសាច់ទាំងមើមត្រាវភ្លក់មើលតាមចូលចិត្ត ហើយរោយស្លឹកខ្ទឹមជាការស្រេច ។
+សម្លចាប់ឆាយ
គ្រឿងផ្សំមានដូចជាៈ
- ឆ្អឹងជំនី ឬ ជើងជ្រូក - ស្បែកជ្រូកបំពង - ផ្សិតត្រចៀកកណ្ដុរ - ឆៃថាវ - ការ៉ុត - ស្ពៃក្ដោប - ស្ពៃបូគោ - ដំឡូងបារាំង - ខាត់ណា - ស្លឹកខ្ទឹម - ជីវ៉ាន់ស៊ុយ - អំបិល - ស្ករ - ប៊ីចេង - ទឹកត្រី + វិធីធ្វើ ១. ឆ្អឹងជំនី ឬជើងជ្រូក លាងទឹកឲ្យស្អាត កាប់ជាដុំធំបន្ដិច ស្បែកជ្រូកបំពង និងផ្សិត ត្រចៀកកណ្ដុរ ដាក់ត្រាំទឹកឲ្យរីក រួចកាត់ឲ្យខ្លីៗ ការ៉ុត ឆៃថាវ ដំឡូងបារាំង ចិតសំបកចេញលាងទឹកឲ្យស្អាត រួចកាត់ជាដុំៗ ស្ពៃក្ដោប និងស្ពៃបូគោ កាត់វាឲ្យខ្លីៗល្មម ខាត់ណាសកវាឲ្យស្អាតកាត់គល់ដាក់ផ្សេង ស្លឹកដាក់ផ្សេង ។ ស្លឹកខ្ទឹមនិងជីវ៉ាន់ស៊ុយលាងទឹកឲ្យស្អាតហាន់ឲ្យល្អិតល្មម ខ្ទឹមសចិញ្ច្រាំឲ្យល្អិត ។ ២. ដាក់ឆ្នាំងដាំឲ្យក្ដៅចាក់ប្រេងឆាចូលរួចដាក់ខ្ទឹម ចិញ្ច្រាំចូល រួចលីងឲ្យឈ្ងុយបន្ដិច ទើបចាក់ទឹកត្រីចូល រួចដាក់ឆ្អឹងជ្រូកចូល ដាក់អំបិល ស្ករ ប៊ីចេង កូរឲ្យសព្វ ចាក់ទឹកបន្ដិច ប្រហែល ៥នាទី ទើបដាក់ស្បែកជ្រូក និងផ្សិតត្រចៀកកណ្ដុរ និងបន្លែដើមខាត់ណា ការ៉ុត ឆៃថាវ និងដំឡូងបារាំងចូលជាមួយគ្នាតែម្ដង រំងាស់ឲ្យឆ្អឹង និង បន្លែនោះផុយបន្ដិច (រំងាស់ដំបូងចាក់ទឹកបន្ដិចម្ដងៗ) ប្រហែល ២០នាទី ទើបចាក់ទឹកឲ្យច្រើនតែម្ដង ។ ហើយរំងាស់វាឲ្យពុះម្ដងទៀត ភ្លក់មើលឲ្យល្មមទើបដាក់ស្ពៃបូគោ ស្ពៃក្ដោប និងស្លឹកខាត់ណាចូលមួយពុះ រួចដួសដាក់ចាន រោយស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយពីលើជាការស្រេច ។
+ម្ជូរសៀមរាប
គ្រឿងផ្សំមានដូចជាៈ
- ត្រីឆ្ដោ ១៥០ក្រាម(ត្រីអ្វីក៏បានតាមចំណូលចិត្ត) - ត្រកួន ១០០ក្រាម - ម្រះព្រៅ ១០សន្លឹក - ជីរនាងវង ៥សន្លឹក - ទឹកអំពិលទុំ ១ស្លាបព្រាបាយ - រំដេង ៥ចំណិត - ទឹកត្រី កន្លះស្លាបព្រាបាយ - ម្ទេសប្លោក មួយផ្លែ(ហាន់ជាចំណិត) - សណ្ដែកដី ១ ស្លាបព្រាបាយ - ប្រហុកសាច់ កន្លះស្លាបព្រាកាហ្វេ - ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ - អំបិល កន្លះស្លាបព្រាកាហ្វេ - ស្ករស កន្លះស្លាបព្រាកាហ្វេ + វិធីធ្វើ ១. ជាដំបូងដាក់ទឹក ឬទឹកស៊ុប ប្រមាណមួយចានគោមដាំឲ្យពុះ ទើបដាក់រំដេង និងម្ទេសប្លោកដែលហាន់នោះចូលដើម្បីកាត់បន្ថយជាតិឆ្អាបរបស់ត្រី ទើបដាក់ប្រហុកសាច់ចូល ។ បើគ្មានប្រហុកសាច់ទេ អាចដាក់ប្រហុកឆ្អឹងក៏បាន តែទាល់តែប្រើតម្រងប្រហុង សម្រាប់ជ្រុំ ។ រួចហើយទុកឲ្យពុះសារជាថ្មី ទើបដាក់ត្រីដែលបានសម្អាតរួចរាល់ចូលតាមក្រោយ ។ ២. បន្ទាប់មកត្រូវដាក់គ្រឿងផ្សំដែលមាន ដូចជាទឹកអំពិលទុំ(ក្រៅពីទឹកអំពិលទុំ អាចធ្វើឲ្យសម្លមិនមានរសជាតិឆ្ងាញ់គ្រប់គ្រាន់) ស្ករស អំបិល ម្សៅស៊ុប និងទឹកត្រី ទើបដាក់ត្រកួនចូល រួចភ្លក់មើលឲ្យដឹងរសជាតិសាបប្រៃ ។ ៣. នៅចុងក្រោយ រៀបទទួលទាន ទើបដាក់ស្លឹកម្រះព្រៅ ស្លឹកជីរនាងវងចូលជាមួយនឹងសណ្ដែកដីបុកជាការស្រេច ។
Comments
Post a Comment