គ្រឿងផ្សំ៖
– សាច់ជ្រូក ឆ្អឹងជ្រូក (យកឆ្អឹងស៊ុប) – ផ្សិតក្រៀម, ការ៉ុត, ដំឡូងបារាំង, ផ្សិតចំបើង, ខ្ទឹមបារាំង, សណ្តែកបណ្តុះ, ជីបន្លា – សៀងផ្អែម, អង្ករ, ដុំស៊ុប, ស្ករស, អំបិល, ម្រេច, ទឹកត្រី, ខ្ទឹមស វិធីធ្វើ៖ ១-ដាំទឹកស្ងោរឆ្អឹងជ្រូក ២-ហាន់សាច់ជ្រូកជាបន្ទះតូចៗ ឆ្អឹងជ្រូកកាប់ជាដុំៗ ៣-ត្រាំផ្សិតក្រៀម រួចហាន់ជាចំណិតតូចៗ ៤-ហាន់ការ៉ុត និងដំឡូងបារាំងជាដុំតូចៗ ៥-ហាន់ផ្សិតចំបើង (១ពុះជា២រឺជាបួន) ៦-ហាន់ខ្ទឹមបារាំងតាមបណ្តោយស្តើងៗ ៧-ចិញ្ច្រាំខ្ទឹម ៨-ពេលទឹកពុះ ដាក់ដុំស៊ុប១ដុំ រួចដាក់ឆ្អឹងជ្រូក សាច់ជ្រូកនិងការ៉ុតចូល។ រំងាស់មួយស្របក់ ដាក់ផ្សិតក្រៀម និងដំឡូងបារាំងចូល។ ៩-ដាក់អំបិល ស្ករ ម្រេច ទឹកត្រី ១០-លាងអង្ករ រួចសំរិតទឹកចេញអោយអស់ ១១-ប្រើចង្ក្រានមួយទៀត បំពងខ្ទឹមស រួចចាក់អង្ករដែលលាងរួចចួល ឆាមួយសន្ទុះ ចាក់អង្ករដែលឆារួចចូលឆ្នាំងបបរ រួចដាក់ផ្សិតចំបើងចូល រំងាស់រហូតដល់អង្កររីក។ ភ្លក់តាមរសជាតិដែលចូលចិត្ត រួចបង់ខ្ទឹមបារាំងចូលទុកជាបានការ។ ១២-ពេលដួសញ៉ាំ ទើបដាក់សណ្តែកបណ្តុះ ជីបន្លា និងសៀង ចំណាំ៖ បើដាក់ប្រហិត សាច់បាត់តេ បង្គា ថែមទៀតរិតតែឆ្ងាញ់!!
+ស៑ុប-គុយទាវជ្រលក់បន្លែស្រស់
គ្រឿងផ្សំ៖
– សាច់គោល្អ សាច់ជ្រូកបីជាន់ – គុយទាវ, សំបកណែម – សណ្តែកបណ្តុះ, សាឡាដ, ជីគ្រប់មុខ, ត្រសក់, ទឹកដូងខ្ចី, ខ្ទឹមស, ខ្ទឹមក្រហម, រំដេង, សណ្តែកដី, ស្លឹកខ្ទឹម, ម្ទេសខ្មាំង – ខ្លាញ់រាវ, ទឹកត្រី, ស្ករ, ម្សៅស៊ុប។ វិធីធ្វើ៖ ១-សាច់ជ្រូកបីជាន់ស្ងោរឱ្យឆ្អិនហាន់ជាបន្ទះៗ សាច់គោហាន់ទទឹងបន្ទះតូចៗល្មម ដាក់ខ្ទះឆាឱ្យឆ្អិន។ ២-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ ដាក់គុយទាវឆាប្រស់ទឹកឱ្យទន់ទុកឱ្យឆ្អិន ដាក់ស្លឹកខ្ទឹមត្រលប់ឱ្យសព្វ ដួសទុកមួយអន្លើ ។ ៣-យកកូនថាស់តូចៗល្មម រៀបសាឡាដ ស្លឹកជី ត្រសក់ សណ្តែកបណ្តុះ ដាក់មួយចំហៀង ហើយ យកគុយទាវ និងសំបកណែមដាក់មួយចំហៀង ។ វិធីធ្វើទឹកជ្រលក់៖ សណ្តែកដីលីងបុក(កុំល្អិតពេក) ។ យករំដេងបន្តិចដុតឱ្យឈ្ងុយ បុកជាមួយខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង រួចចាក់ទឹកត្រី ទឹកខ្មេះ ទឹកដូងខ្ចី ស្ករស ម្សៅស៊ុប ភ្លក់មើលឱ្យល្មម ហើយយកទៅដាំឱ្យពុះ ដាក់ចុះ ទើបរោយសណ្តែកដី ទុកធ្វើជាទឹកជ្រលក់ ។ សេចក្តីបញ្ជាក់ ៖ គុយទាវជ្រលក់នេះ បើមិនចង់ទទួលទាននិងសាច់គោ សាច់ជ្រូកទេ ដុតត្រីដាក់ជំនួសវិញក៏បាន តាម ការចូលចិត្ត ។ ចំណែកសំបកណែមពេលទទួលទានត្រូវយកទឹកលាបឱ្យទន់ ។
Comments
Post a Comment