គ្រឿងផ្សំ ម្ស៉ៅ ស៊ុបពងមាន់លាយជាមួយសារាយ ២ កញ្ចប់ ហាន់មើមការ៉ុតតូចៗកន្លះចានចង្កឹះ ផ្សិតក្រអូបស្រស់ (ហាន់ជាចំណិតតាមទទឹងផ្កា) កន្លះចានចង្កឹះ ហាន់តៅហ៊ូទន់ជាដុំតូចៗ ១ ចានចង្កឹះ សាច់ក្តាមស្ងោរឆ្អិន ១ ចានចង្កឹះ ច្រៀកដើមខ្ទឹមជាច ម្រៀកតូចៗ ២ ស្លាបព្រា ម្ស៉ៅពោតលាយទឹក ១ ស្លាបព្រាបាយ ម្រេចម៉ដ្ឋបន្តិចបន្តួច ជីវ៉ាន់ស៊ុយសម្រាប់រោយមុខលើ វិធីធ្វើ ១-ដាំទឹកឲ្យពុះ បង់ម្ស៉ៅស៊ុបពងមាន់លាយសារាយ បន្ទាប់មកដាក់បញ្ចូលមើមការ៉ុត, ផ្សិតក្រអូបស្រស់, តៅហ៊ូ និង សាច់ក្តាម ហើយរង់ចាំរហូតដល់ទឹកពុះ ទើបដាក់ម្ស៉ៅពោតលាយទឹកកូរឲ្យរលាយចូលគ្នាឲ្យសព្វល្អ រោយចម្រៀកដើមខ្ទឹម បិទភ្លើងរួចលើកចុះ។ ២-ដួសស៊ុបដាក់ ចាន រោយម្រេចម៉ដ្ឋ តុបតែងមុខលើដោយជីវ៉ាន់ស៊ុយ បន្តិចបន្តួច ទុកជាការស្រេច៕
+របៀបធ្វើគាវវន្លែ
គ្រឿងផ្សំ ម្ទេសហាវៃ ២ ផ្លែ ការ៉ុត ១ មើម ផ្កាខាត់ ៣០០ ក្រាម ស្ពៃក្តោប ២០០ ក្រាម ខ្លាញ់ ៥០ ក្រាម ម្ទេសក្រហមកិន មួយស្លាព្រាកាហ្វេ ទឹកម្ទេស មួយស្លាព្រាបាយ ទឹកស៊ីអ៊ីវ ៣ ស្លាព្រាបាយ ម្ទេសខ្ចីចិញ្ច្រាំ ១ ស្លាព្រាកាហ្វេ ស្លឹកខ្ទឹម ១ ដើម ស៊ុតមួយគ្រាប់ វិធីធ្វើ ១. ជាដំបូងអ្នកត្រូវចិញ្រ្ចាំម្ទេសហាវៃ,ការ៉ុត,ផ្កាខាត់ណាព្រមទាំងស្ពៃក្តោបឲ្យល្អិតៗដាក់ដោយឡែកៗពីគ្នា។ ២. ជាបន្តមកទៀតនេះអ្នកគួរដាក់ខ្ទះចាក់ខ្លាញ់ឲ្យក្តៅបន្ទាប់មកចាក់ម្ទេសដែលបានចិញ្ច្រាំចូលកូរច្របល់មួយសព្វបន្ទាប់មកបន្ថែមការ៉ុត,ផ្កាខាត់ណាព្រមទាំងស្ពៃក្តោបដែលបានចិញ្ច្រាំទុកនោះដាក់ចូលកូរច្របល់មួយសព្វរងចាំរហូតដល់បន្លែរាងឆ្អិនបន្ទិចរួចបន្ថែមម្សៅម្ទេសក្រហម,ទឹកម្ទេស,ទឹកស៊ីអៀវ,ម្ទេសខ្ចីចិញ្ច្រាំព្រមទាំងបន្ថែមស្លឹកខ្ទឹមចូលបន្ទាប់មកធ្វើការឆាត្រឡប់មួយសព្វរួចដាក់ចុះ ។ ៣. បន្ទាប់មកធ្វើការគោះស៊ុតមួយគ្រាប់ដាក់ចូលក្នុងកូនចានមួយវាយឲ្យបែកគ្រាប់ក្រហមទុកលាបលើសន្លឹកគាវ។ ៤. បន្ទាប់ពីធ្វើការគោះស៊ុតដាក់ក្នុងកូនចានរួចមកអ្នកត្រូវលាសន្លឹកសម្រាប់ខ្ចប់គាវរួចធ្វើការចាប់បន្លែដែលបានចំអិនរួចនោះមកដួសដាក់សន្លឹកគាវបន្ទាប់មកទៀតប្រើដៃរបស់អ្នកចាប់ទឹកស៊ុតដែលបានគោះដាក់ចានមកលាបលើសន្លឹកគាវចំនួន ២ជ្រុងកែងគ្នារួចហើយយកធ្វើការបិតភ្ជាប់គ្នាឲ្យចេញជារាង ៣ជ្រុងត្រីកោណបន្ទាប់មកទៀតអ្នកគួរលាបមួយជ្រុងទៀតហើយធ្វើការទាញជ្រុងដែលជាប់គ្នាចូលគ្នាឲ្យចេញជារាងស្រួចមួយឬីក៏ធ្វើរូបរាងតាមចំណូលចិត្តរបស់អ្នកជាការស្រេចអ្នកអាចញ៉ាំបន្ថែមជាមួយទឹកជ្រលក់ក៏បាន។
+របៀបធ្វើអាម៉ុកខ្យង
គ្រឿងផ្សំ ខ្យង១គីឡូក្រាម សាច់ជ្រូកបីជាន់១ខាំ សណ្ដែកដី ម្ទេសឆ្អើរ ខ្ទិះដូង គ្រឿងបុក (រំដេង រមៀត ស្លឹកគ្រៃហាន់) កាពិ ប្រេងខ្យង គ្រាប់ជម្ពូឆាយកខ្ទិះ ស្លឹកកន្ទួត ស្លឹកក្រូចសើច ពង់មាន់ វិធីធ្វើ យកសាច់ខ្យងចេញពី សំបករបស់វា ប៉ុន្តែត្រូវរក្សាសំបកទាំងនោះទុក កុំចោល។ ចិញ្ច្រាំសាច់ជ្រូក និងហាន់សាច់ខ្យងជាចំណិតតូចៗ។ បន្ទាប់មកយកសាច់ជ្រូកចិញ្ច្រាំ និងសាច់ខ្យងហាន់រួចនោះទៅឆាចូលគ្នាជាមួយនឹងគ្រឿងបុក, ម្ទេសឆ្អើរ, និងកាពិ រហូតដល់ឆ្អិនល្អ។ ជំហាន បន្ទាប់ ត្រូវយកស្លឹកកន្ទួតទៅទ្រាប់សាច់ដែលឆាជាមួយគ្រឿងអម្បាញ់មិញ រួចហើយយកទៅញាត់ចូលក្នុងសំបកខ្យងដែលរក្សាទុកនោះ។ ប៉ុណ្ណឹង នៅមិនទាន់រួចរាល់ទេ។ បន្ទាប់មកត្រូវចាក់ទឹកខ្ទិះដែលឆាបញ្ចូលគ្នាជាមួយពងមាន់, ម្ទេស និងស្លឹកក្រូចសើច ទៅស្រោចពីលើខ្យល់ ដែលមានញាត់សាច់ទ្រាប់ស្លឹកកន្ទួតនោះ រួចហើយយកវាទៅចំហុយប្រហែលជា១៥នាទីទៀត ទើបរួចរាល់៕
Comments
Post a Comment